ព័ណនាសម័យអង្គរ – ចុងសម័យអង្គរ


សម័យអង្គរ – ចុងសម័យអង្គរ


សេចក្ដីផ្ដើម
ក្រោយពីព្រះបាទជ័យវរ្ម័នទី៧ ចូលទិវង្គតទៅ ស្ថានភាព ព្រះរាជាណាចក្រកម្ពុជា ធ្លាក់​ចុះ បន្តិចៗ​ម្ដង ដែលបណ្ដាលមកពី៖
បដិវត្តន៍ខ្មែរក្នុងសតវត្សទី១៤
ប្រវត្តិសាស្ត្រខ្មែរ តាមសិលាចារឹក និង​ឯកសារ​ប្រវត្តិសាស្ត្រ​ចិន​ត្រូវ​បញ្ចប់​ក្នុង​សម័យ​នោះ ទើប អ្នកប្រវត្តិវិទូ បាន​យក​ឯកសារ​រាជពង្សាវតារខ្មែរ មកប្រើ​វិញ​ដែល​ធ្វើ​អោយ​ព្រឹត្តិការណ៍​ប្រវត្តិសាស្ត្រខ្មែរ មានលំនាំប្រហាក់ប្រហែលចាប់ ពីសម័យនោះ។ វាខុសគ្នាតែកាលបរិច្ឆេទ ទីកន្លែង និងព្រឹត្តិការណ៍បន្ទាប់បន្សំខ្លះ។
១.បុព្វហេតុ
ដូចដែលយើង បានឃើញស្រាប់ហើយនៅសតវត្សទី១៣និង១៤ ប្រទេសខ្មែរយើងជួបប្រទះនូវសង្គ្រាមសាសនា ប្រល័យ ជីវិតគ្នាឯង គ្មានពេលទំនេរ។គេឃើញថាសង្គ្រាមនេះយកសាសនាជាសំបកក្រៅ។ តាមការពិតជាសង្គ្រាមដណ្ដើមអំណាចគ្នាហើយយកក្រុម វណ្ណៈនិង សាសនាមកធ្វើជាឈ្នាន់។ ដោយពួកគេបញ្ចុះបញ្ចូលអោយប្រជារាស្ត្រ ទៅស្លាប់ដើម្បីអំណាចនិងបក្សពួកគេ។ វាគឺជាវិបត្តិនយោបាយសង្គម នយោបាយដែលធ្វើអោយប្រទេសកម្ពុជាចាកឆ្ងាយ ពីអនុត្តរភាព ជា មហាអំណាចបន្តិចម្ដងៗរហូតដល់សព្វថ្ងៃ។ ព្រឹត្តិ ការណ៍នេះត្រូវអ្នក ប្រវត្តិវិទូចាត់ទុកថាជាបដិវត្តន៍ទី១នៃសង្គមជាតិខ្មែរ។ ហើយជាបដិវត្តន៍ ប្រឆាំងរាជានិយមដែលប្រជារាស្ត្រខ្មែរយល់ ឃោរឃៅ ផ្ដាច់ការព្រៃផ្សៃ គ្មានសណ្ដោស ករុណាមេត្តាធម៌គ្មាន ទសពិតរាជធម៌និងគ្មានសមត្ថ ភាពក្នុងការដឹកនាំប្រទេសជាតិ។ មានកត្តាជាច្រើន ដែលធ្វើអោយខ្មែរ ហ៊ានបះបោរប្រឆាំងស្ដេចនិងពួកបរិវារ ។

២.សាសនាជាឧបករណ៍នយោបាយ
ដោយយោងលើទ្រឹស្ដីថេរវាទអ្នកបះបោរខ្មែរនៅសតវត្សទី១៤បានបំបះបំបោរធ្វើចលាចលនិងផ្ដួលរំលំរបបរាជានិយម។ ទស្សនៈថេរវាទបាននាំមកនូវទ្រឹស្ដីថ្មីអំពីជីវិតគឺនិយាយអ្វីដែលយើងអាចមើលឃើញស្រាប់ដែលមាននៅក្នុងសង្គមខុសពីព្រហ្មញ្ ញនិងមហាយាន។ ទ្រឹស្ដីនេះ វាស្របទៅនឹងស្ថានភាពប្រជាជនខ្មែរកំពុងរងទុក្ខវេទនាស្រាប់ គ្មានក្ដីសង្ឃឹម ក៏នាំគ្នាអនុលោមប្រត្តិ បត្តិតាម។ តែពេលនោះពួកអ្នកដណ្ដើមអំណាចឆ្លៀតឱកាស យកព្រះពុទ្ធសាសនាដើម្បីជាឧបករណ៍បម្រើ នយោបាយរបស់ ខ្លួន ទៅវិញ។
២.១ សម្រាប់បំពាក់ស្មារតី
គេបានយកទ្រឹស្ដីរបស់ពុទ្ធសាសនាថេរវាទមកធ្វើជាអាវុធដើម្បីវាយប្រហារស្ដេច។ ដោយសាររងទុក្ខដោយសារស្ដេចជាច្រើន ផង ទើបធ្វើអោយប្រជានុរាស្ត្រគោរព ពេញចិត្ត ស្រលាញ់អនុវត្តទ្រឹស្ដីថ្មីរបស់ពុទ្ធសាសនាថេរវាទ។ ដូចនោះទើបគេមានជំនឿថា វាសនាអនាគតរបស់គេស្ថិតនៅលើពុទ្ធសាសនាផ្នែកថេរវាទ។ ដោយមានលក្ខណៈស្របតាមគោលគំនិតចំណង់របស់ប្រជារាស្ត្រ ខ្មែរ ប្រកបដោយមេត្តាធម៌ និងសណ្ដោសប្រណីដល់សព្វសត្វគ្រប់វណ្ណៈទាំងអស់ដោយឥតរើសអើងឡើយ។ គេខ្ចីកម្លាំងខាងថេរ វាទ ទៅតយុទ្ធនឹងលទ្ធិព្រហ្មញ្ញសាសនា។ វាគឺជាការប្រយុទ្ធនឹងរបបរាជានិយមផ្ដាច់ការដែលលទ្ធិព្រហ្មញ្ញជាជន្ទល់របស់ព្រះមហា ក្សត្រ។ ការប្រយុទ្ធខាងទ្រឹស្ដីនិងមនោគមន៍វិជ្ជាវាស្រដៀង និងពិភពលោកបច្ចុប្បន្នដែរ ដូចជាលទ្ធិកុម្មុយនិស្តនិងលោកសេរី (សង្គ្រាមត្រជាក់)។ កម្លាំងគឺមានលទ្ធភាពអាចរំលំរបបរាជានិយមបាន។
២.២ សម្រាប់បំបាក់ស្មារតី
ក៏ប៉ុន្តែអ្នកកាន់អំណាចថ្មីក៏អនុវត្តភាពផ្ដាច់ការដដែលមកលើប្រជារាស្ត្រខ្មែរទៀត។ ដើម្បីវាយបំបាក់ស្មារតីប្រជាជនខ្មែរពួក ក្រុមព្រះមហាក្សត្រសម័យក្រោយៗ បានកែក្រឡៃព្រះពុទ្ធសាសនាថេរវាទបន្តិបន្តួច ក៏ប្រជាជនខ្មែរជឿស៊ប់ដែរ។ វិធីទាំងនោះ រួមមាន ការទេសនាអោយជឿលើពុទ្ធដិការ សរសេរនិពន្ធធ្វើជាសៀវភៅនិងរៀបរាប់អំពីពុទ្ធប្រវត្តិ។ ក្នុងឱកាសនោះអ្នកនិពន្ធ បានបញ្ចេញ បញ្ចូលខ្លះៗដែលធ្វើជាការគំរាមកំហែងដល់ពុទ្ធសាសនិកជន ។ ដល់ពេលយូរៗទៅវាក៏ក្លាយជាការពិតដែល មនុស្សគ្រប់គ្នាត្រូវតែ ជឿដែលយល់ថាជាពុទ្ធដិការ។ ចំណុចដែលគេយកមកគ្របសង្កត់ខ្មែរអោយភ័យខ្លាចជាទីបំផុត នោះ គឺបាបនិងបុណ្យស្ថាននរក និងស្ថានសួគ៌។ ក្នុងនោះប្រាប់ថាអ្នកមាន មន្ត្រី និងស្ដេចសុទ្ធតែអ្នកមានបុណ្យពីជាតិមុន។ ដូច្នេះ យើងមិនត្រូវតូចចិត្តអ្វីឡើយបើសិនជា យើងក្រមិនមានបានដូចគេនោះ។ ពីព្រោះពីជាតិមុនយើងកសាងមិនល្អ។ ហើយបើ ចង់មានបានដូចគេ យើងត្រូវតែធ្វើបុណ្យពីជាតិ នេះហើយដើម្បីសន្សំបុណ្យទៅជាតិក្រោយ។ ទស្សនៈបែបបានជ្រួតជ្រាបក្នុង សង្គមខ្មែរគ្រប់ជំនាន់មិនសេសសល់អ្វីឡើយ។
២.៣ បច្ចុប្បន្នសម្រាប់បច្ចុប្បន្ន
គ្រាប់តែនាំគ្នាភ្លេចនិយាយពីកម្មពៀរបច្ចុប្បន្នប៉ុណ្ណេះប្រជារាស្ត្រខ្មែរវង្វេងបាត់បង់សតិដេកគិតរង់ចាំសោយកម្មពីបុព្វេជានិច្ច។ បើតាមពុទ្ធដិការព្រះអង្គមានបន្ទូលថាធ្វើបុណ្យបានបុណ្យ ធ្វើបាបបានបាប ពាក្យសម្ដីនេះយើងអាចយកដាក់ក្នុងអតីតបច្ចុប្បន្ន និងអនាគតត្រូវដូចគ្នា។ ព្រះពុទ្ធបានត្រាស់ថាមិនមែនអ្វីទាំងអស់សុទ្ធតែបានមកពីអតីតនោះ ទេវាត្រូវរួមផ្សំគ្នានឹងបច្ចុប្បន្ននេះ ដែលទើបអាចចេញជាផ្លែផ្កាភ្លាមក្នុងជាតិនេះ នឹងអាចពូនជាផលបន្តបន្ទាប់ក្នុងពេលអនាគតទៀត។ ព្រះអង្គមិនអោយ មនុស្ស ភ្លេចបច្ចុប្បន្នឡើយហើយព្រះពុទ្ធអោយកសាងបច្ចុប្បន្ន សម្រាប់បច្ចុប្បន្នដោយលោកយល់ យើងរស់នៅរាល់ ថ្ងៃសំខាន់បំផុត គឺបច្ចុប្បន្ន ។ ដូច្នេះបើយើងរៀបចំបច្ចុប្បន្នល្អអនាគតក៏ល្អដូចគ្នាអញ្ជឹងដែរ។ ដូចជាការកសាងអនាគតសង្គមដើម្បីកូនចៅយើង ទៅថ្ងៃមុខអញ្ជឹង។ បើយើងធ្វើមិនល្អអនាគតទៅអ្វីដែលយើងធ្វើវានឹងធ្លាក់ទៅកាន់កូនចៅទៅអនាគតយើងដូចអញ្ជឹងដែរ។មើល តាមក្នុងប្រវត្តិសាស្ត្រយើងអាចដឹងស្រាប់ ហើយអំពីភាពជូរចត់នៃប្រវត្តិសាស្ត្រខ្មែរ។ អញ្ជឹងដូចនេះបដិវត្តន៍ សតវត្សទី ១៤មិនជា បដិវត្តន៍ទេ វាគ្រាន់តែជាការដណ្ដើមអំណាចគ្នាប៉ុណ្ណោះ ។ យើងឃើញពុទ្ធសាសនាថេរវាទវាគ្រាន់តែជា ឧបករណ៍នយោបាយ របស់ស្ដេចតែប៉ុណ្ណោះ។ ហើយវាក៏គ្មានលទ្ធផលអ្វីប្រសើរដល់ជាតិនិងរាស្ត្រដែរ។ ដោយយកពុទ្ធសាសនាមកឡូកឡំដូច្នេះ ទើប ធ្វើអោយជាតិដុនដាបវិនាសដល់សព្វថ្ងៃនេះ។ ទិដ្ឋភាពទាំងនេះមិនជាអ្វីដែលថ្មីនោះទេវាបានបកស្រាយក្នុងរឿងព្រេងនិទាន ខ្មែរ មកជាហូរហែរមកស្រាប់ហើយ។អ្នកប្រាជ្ញបណ្ឌិតមិនហ៊ាននិយាយអោយចំឡើយគ្រាន់តែលោកបានបញ្ចូលវាទៅក្នុងរឿងនិទាន ដែលលោកប្រឌិតឡើង។ ការយកសាសនាមកកែក្រឡៃបែបនេះ វាបានជះឥទ្ធិពលអាក្រក់ដល់ប្រជារាស្ត្រ ទាំងអតីតនិងបច្ចុប្បន្ន តទៅអនាគតទៀត ។ តែបើយើងប្រើព្រះពុទ្ធសាសនាអោយល្អទៅតាមធម៌ពិតរបស់ព្រះអង្គ ដែលជា ធម៌ ប្រកបដោយមេត្តាធម៌ ករុណាធម៌នោះប្រទេសជាតិនឹងរីកចំរើន។ ព្រះពុទ្ធបានត្រាស់ថា អ្វីក៏ដោយកើតឡើងពីចិត្តគំនិត បើចិត្ត គំនិតល្អស្អាតស្អំនោះអ្វី ទាំងនោះក៏បានល្អបើគំនិតនោះមិនស្មោះត្រង់ល្អនោះវាក៏នាំមកក្ដីវិនាសអន្តរាយដូច្នេះដែរដូចយើងឃើញស្រាប់ក្នុងហេតុការណ៍ ជាច្រើនក្នុងប្រវត្តិសាស្ត្រខ្មែរ ។
២.៤ បដិវត្តន៍នាយត្រសក់ផ្អែម
ជ័យវរ្ម័នទី៩ជាស្ដេចចុងក្រោយបង្អស់ដែលគេស្គាលដោយសិលាចារឹក។ តពីនេះទៅប្រវត្តិសាស្ត្រខ្មែរត្រូវពឹងផ្អែកទៅលើ រាជ ពង្សាវតារដែលជាឯកសារចងក្រងឡើងតែនៅស.វ.ទី១៨-១៩ ហើយដោយសំអាងទៅលើការទន្ទេញចាំមាត់និងលើ អត្ថបទបូ រាណខ្លះដែលពីដើមគេតម្កល់ទុកនៅក្រុងឧដុង្គ។ រាជពង្សាវតារមានច្រើនច្បាប់កត់ត្រាព្រឹត្តិការណ៍ដោយមានការដំណាលប្លែកៗ គ្នាហើយមានចុះកាលកំណត់ខុសៗគ្នាទៀត។ នេះហើយជាមូលហេតុធ្វើអោយប្រវត្តិវិទូពិបាកសិក្សាអំពី ប្រវត្តិសាស្ត្រខ្មែរក្រោយ ពីរជ្ជកាលព្រះបាទជ័យវរ្ម័នទី៩មក។ អាស្រ័យដោយហេតុដូចបានរៀបរាប់រួចមកហើយ អ្នកប្រវត្តិវិទូមានការ អល់ឯកយ៉ាងខ្លាំង មិន ដឹងថា ត្រូវដាក់ស្ដេចអង្គណាក្នុងរាជពង្សាវតារឱ្យសោយរាជ្យតពីជ័យវរ្ម័នទី៩ដែលគេមិនទាំងដឹងថាបានសោយទីវង្គតនៅឆ្នាំ ណាផង។ រួចមកហើយ អ្នកប្រវត្តិវិទូភាគច្រើននិយមដាក់នាយ ត្រសក់ផ្អែមអោយសោយរាជ្យតពីជ័យវរ្ម័នទី៩ ព្រោះឯកសារជា ច្រើនបានកត់ត្រាទុកថាបុគ្គលនេះបានឡើងសោយរាជ្យនៅប្រមាណឆ្នាំ១៣៤០។ ចំពោះរឿងនាយត្រសក់ផ្អែមនេះមានដំណាល ខុសៗគ្នាទៅតាមក្បួនរាជពង្សាវតារ ប៉ុន្តែរឿងទាំងនោះមានចំណុចស្របគ្នាខ្លះដែលយើងអាចដកស្រង់បានដូចតទៅនេះ៖
១.មានបុរសម្នាក់ដាំត្រសក់មានរសជាតិផ្អែមបានបេះផ្លែត្រសក់ទៅថ្វាយស្ដេចហើយបានទទួលលំពែងសម្រាប់ការពារត្រសក់ របស់ខ្លួន។
២.បានសម្លាប់ស្ដេចដោយអចេតនានៅពេលយប់ ដោយស្មានថាជាចោរមកលួចផ្លែត្រសក់របស់ខ្លួន។
៣.បាននាម៉ឺនសព្វមុខមន្ត្រីមូលមតិគ្នាលើកអោយឡើងសោយរាជ្យ ហើយលើកបុត្រីស្ដេចអោយជាមហេសីទៀតផង។ គួរកត់ សំគាល់ថារឿងនាយត្រសក់ផ្អែមនេះមានលំនាំប្រហាក់ប្រហែលនឹងរឿងព្រេងជាប់ទាក់ទងទៅនឹងរាជវង្សភូមាមួយនៅស.វ.ទី១០ ដែលមានសេចក្ដីដំណាលជាសង្ខេបថា៖ នៅគ.ស.៩៣១ អ្នកដាំត្រសក់ម្នាក់ឈ្មោះញ៉េងអ៊ូសយ៉ៈហាន(Nyaung-u So-rahan) បាន ឡើងសោយរាជ្យនៅក្រុងបូកាន ក្រោយពីបានធ្វើគត់ស្ដេចឈ្មោះសេងខូ (Singho) ដែលបានលប លួចបេះត្រសក់ របស់ខ្លួនក្នុងដំ ណើរធ្វើប្រមាញ់នៅក្នុងព្រៃហើយដែលខ្លួនពុំបានស្គាល់ថាជាស្ដេចផែនដី។ ម្យ៉ាងទៀតនៅមុនពេលនោះបោះបង់ក្រុងអង្គរ គេ ឃើញខ្មែរយើងមានប្រើពាក្យ ពញា (ព្ញៀ)សម្រាប់ហៅព្រះរាជបុត្រក្សត្រិយ៍ទ្រង់រាជ្យនិងមន្ត្រីជាន់ខ្ពស់ដូចពញាយ៉ាតជាដើម។ គេ បានសង្កេតឃើញថា ជនជាតិមនក្នុងបុរាណកាលក៏ធ្លាប់ប្រើពាក្យពញានេះជាឋានន្តរសក្ដិនៃមន្ត្រីជាន់ខ្ពស់ដែរ។ នៅត្រង់នេះអ្នក ប្រវត្តិសាស្ត្របានចោទសួរថា តើរឿងព្រេងនៅស្រុកខ្មែរមានទំនាក់ទំនងយ៉ាងដូចម្ដេចខ្លះជាមួយ នឹងរឿងព្រេងនៅប្រទេសភូមា? ហើយ កាលខ្មែរប្រើពាក្យ ពញានៅពេលនោះតើបណ្ដាលមកពីហេតុអ្វីទៅ? ទោះបីពុំទាន់មានចម្លើយណាអោយបានសមរម្យ សម្រាប់សំណួរទាំងនេះក៏ដោយក៏ យើងអាចប៉ាន់ស្មានថា ប្រហែលធាតុទាំងនោះបាននាំចូលប្រទេសខ្មែរតាម រយៈពុទ្ធសាសនា ហិនយានប្រើភាសាបាលី ដែលអ្នកស្រាវជ្រាវយល់ថាបានហូរចូលមកក្នុងជ្រោយ សុវណ្ណភូមិភាគខាងលិចមុនគេគឺ នៅត្រង់ម្ដុំ ប្រទេសមន រួចផ្សាយចូលមកតំបន់វាលទំនាបទន្លេមេណាមរួចផ្សាយចូលបន្តមកក្នុងប្រទេសខ្មែរទៀត។ លោកជីវតាក្វាន់ ទូត ចិនដែលបានមកទស្សនាក្រុងអង្គរនៅចុងស.វ.ទី១៣ ក៏បានកត់សំគាល់ឃើញថា នៅសម័យនោះមានគេនិយមកាន់ច្រើនគ្នា ណាស់ទៅហើយ។ មានអ្នកប្រវត្តិវិទូខ្លះទៀតដូចលោក អាដឺម៉ា ឡឺឃ្លែរ និងលោក Dauphin Meunier (ដូផ្វាំង មូញ៉េ) ជាដើម យល់ថាព្រឹត្តិការណ៍នាយត្រសក់ផ្អែមឡើងសោយរាជ្យនៅក្រុងអង្គរនោះជាមហាបដិវត្តន៍មួយក្នុងប្រវត្តិសាស្ត្រខ្មែរ ហើយ បដិ វត្តិន៍នោះ គឺជាបដិវត្តិន៍ខាងនយោបាយនិងខាងសាសនា។ តើពិតជាមានបដិវត្តិន៍មែនឬយ៉ាងណា ? តើអ្វីខ្លះជាមូលហេតុនៃបដិ វត្តិន៍នោះ ?យ៉ាងណាមិញលទ្ធិទេវរាជដែលព្រះបាទជ័យវរ្ម័នទី២បានប្រារព្ធធ្វើជាលើកដំបូងនៅលើភ្នំគូលែននៅឆ្នាំ៨០២នោះតែ ជាអាវុធមួយយ៉ាងសក្ដិសិទ្ធក៏ប៉ុន្តែអាវុធនោះអាវុធមុខពីរ បានសេចក្ដីថាវាអោយផលល្អផងអោយផលអាក្រក់ផង។ វាអោយផល ល្អត្រង់ថា រាស្ត្រចាត់ទុកជ័យវរ្ម័នទី២ ជាអាទិទេពមួយអង្គដោយបានធ្វើសន្តិភាវូបនីយកម្មបង្រួបបង្រួមជាតិនិងដេញកម្ចាត់សត្រូវ ឈ្លានពានអោយចេញពីទឹកដីខ្មែរ ម៉្លោះហើយរាស្ត្រក៏បាក់បបខ្លបខ្លាចព្រះចេស្ដា រួចរួមសាមគ្គីជុំវិញរាជបល្ល័ង្ក ធ្វើការកសាងជាតិ អោយបានដល់ភាពរុងរឿងត្រចះត្រចង់បំផុត ក្នុងប្រវត្តិសាស្ត្រខ្មែរសមទៅតាមបំណងរបស់ស្ដេចអាទិទេពដែលចង់បង្ហាញអោយ រាស្ត្រឃើញថា លោកមានមហិទ្ធិរិទ្ធិពិតប្រាកដមែន។ វាអោយផលអាក្រក់ត្រង់វាតម្រូវអោយមានការកសាងប្រាសាទថ្មកាន់ តែធំ ឡើងហើយកាន់តែច្រើនឡើងហើយស្រូបយកនូវកម្លាំង ពេលវេលា និងទ្រព្យសម្បត្តិច្រើនពេកពីរាស្ត្រ ដែលនៅទីបំផុតទៅរក តែ ផ្លូវគេចអោយផុតពីបន្ទុកនៃភាពរុងរឿង របស់ព្រះមហាក្សត្រខ្លួនហើយរត់ទៅជ្រកក្រោមម្លប់ដ៏ត្រជាក់ នៃព្រះពុទ្ធសាសនាថេរវាទ ដែលប្រៀនប្រដៅ អោយមនុស្សលោកលះបង់អ្វីៗទាំងអស់ដើម្បីឈោងចាប់យកនិព្វានជាទីបរមសុខ។ បើតាមពិនិត្យមើលទៅ ឃើញថាទំនាស់ក្នុងផ្លូវសាសនានេះមានយូរណាស់មកហើយគឺតាំងពីក្នុងរជ្ជកាលឧទយាទិត្យវរ្ម័នទី២ម៉្លេះ(១០៥០-១០៦៦)ដោយ នៅពេលនោះគេឃើញមានការបះបោរបីលើកហើយក្នុងចលនាំទាំងនោះ ពួកបះបោរបានវា យកម្ទេចសិវលិង្គ និងបដិមាផ្សេងៗ ខាងព្រាហ្មណ៍សាសនាផង។ ឯពុទ្ធសាសនាឃើញថាមានការរីកចម្រើនលូតលាស់កាន់តែខ្លាំងជាពិសេសក្នុងរជ្ជកាលរបស់ ព្រះ បាទធរណីន្ទ្រវរ្ម័នទី២ (១១៥៥-?) និងព្រះបាទជ័យវរ្ម័នទី៧ (១១៨១-១២១៨?)រហូតដល់មានប្រតិកម្មយ៉ាងខ្លាំងក្នុងរជ្ជកាលរបស់ ព្រះបាទជ័យវរ្ម័នទី៨ ពីសំណាក់អ្នកកាន់សាសនាព្រាហ្មណ៍។ ដូច្នេះយើងឃើញថា វិបត្តិខាងសាសនាកាន់តែរីកធំឡើង ដោយ បន្ទាប់ពីនោះមានស្ដេចខ្លះក៏ត្រឡបទៅកាន់ពុទ្ធសាសនាវិញហើយជាពុទ្ធសាសនាថេរវាទថែមទៀតដែលព្រះអង្គម្ចាស់តាមលិន្ទ បាននាំចូលស្រុកខ្មែរប្រហែលតាំងពីរជ្ជកាលឥន្ទ្រវរ្ម័នទី២មកម៉្លេះហើយក៏មានស្ដេចខ្លះត្រឡប់ទៅកាន់សាសនាព្រាហ្មណ៍វិញដែរ រហូតដល់រជ្ជកាលរបស់នាយត្រសក់ផ្អែមនិងកូនចៅរបស់គាត់ដែលសោយរាជ្យតរៀងមកទើបស្ដេចខ្មែរកាន់ជាប់តែពុទ្ធសាសនា រហូតដលើសព្វថ្ងៃ។ ត្រង់នេះហើយជាហេតុនាំអោយអ្នកប្រវត្តិសាស្ត្រខ្លះយល់ថា កាលដែលនាយត្រសក់ផ្អែមធ្វើគត់ស្ដេចហើយ បាននាម៉ឺនសព្វមុខមន្ត្រីលើកអោយឡើងសោយរាជ្យជាបដិវត្តន៍ដណ្ដើមយកអំណាចនយោបាយ និងអំណាចសាសនាដែលនៅ ជាប់គ្នា ព្រោះក្នុងសម័យនោះអំណាចទាំងពីរស្ថិតនៅក្នុងការកាន់កាប់ របស់ព្រះមហាក្សត្រទាំងអស់។
សង្គ្រាមជាមួយសៀម
បន្ទាប់ពីបានក្លាយទៅជាប្រទេសមក ស្ដេចសៀមគ្រប់អង្គតែងមានគំនិតយកទឹកដី និងដាក់ប្រទេសកម្ពុជាជាចំណុះ។ សង្គ្រាម ជាមួយសៀមម្ដងៗ មិនត្រឹមតែបំផ្លាញផ្ទះសម្បែង ទ្រព្យសម្បត្តិ ផលដំណាំ និងជីវិតប្រជាជនប៉ុណ្ណោះទេ តែថែមទាំងបំផ្លាញ សេដ្ឋ កិច្ច ខ្មែរសល់ឫសគល់ទៀតផង។
១. ចម្បាំងលើកទី២ជាមួយសៀម
ក្រោយពីព្រះបាទត្រសក់ផ្អែមសោយទីវង្គតទៅ បុត្ររបស់ព្រះអង្គព្រះនាមនិព្វានបទបានឡើងសោយរាជ្យស្នងពីឆ្នាំ ១៣៤០ ដល់ ១៣៤៦និងចៅរបស់ព្រះអង្គ (បុត្រព្រះបាទនិព្វានបទ)ព្រះនាមលំពង់រាជាបានទទួលរាជសម្បត្តិពីឆ្នាំ១៣៤៦ដល់១៣៥១។ នៅឆ្នាំ១៣៥១ស្ដេចសៀមព្រះនាមរាមាធិបតីក្រោយពីបានតាំងរាជធានីនៅក្រុងអយុធ្យាហើយក៏បានលើកទ័ពចូលមកវាយខ្មែរ។ តែមុននឹងមកដល់អង្គរទ័ពសៀមត្រូវឧបរាជខ្មែរ (ស្រីសុរិយោទ័យអនុជលំពង់រាជា) លើកទ័ពទៅស្កាត់វាយបាក់ ទ័ពថយទៅវិញ អស់។ ព្រះលំពង់រាជានឹកស្មានថាសត្រូវពុំអាចធ្វើអ្វីបានទៀតក៏ទ្រង់បញ្ជារំសាយកងទ័ព អោយទៅកាន់ទីលំនៅរៀងៗខ្លួនវិញ។ លុះឮថាសៀមលើកទ័ពចូលមកជាថ្មីម្ដងទៀត ខ្មែរកែនទ័ពមិនទាន់ក៏ដេញរាស្ត្រអោយចូលក្នុងកំពែងមហានគរ ហើយកែនពល អោយការពារ។ ទ័បសៀមមកឡោមព័ទ្ធជុំជិតអស់រយៈពេល១ឆ្នាំ៥ខែ។ ទ័ពជំនួយខ្មែរជាច្រើនបានលើកពីកន្លែងផ្សេងៗតែដោយ មកមិន ស្មើគ្នាក៏ត្រូវទទួលបរាជ័យ។ ឯខាងសៀមក៏ចេះតែបញ្ជូនទ័ពមកជាបន្ថែម។ ព្រះលំពង់រាជាក៏សោយទីវង្គតដោយរោគ។ សៀមវាយលុកចូលកាន់តែខ្លាំង ហើយនៅទីបំផុតមេទ័ពសៀម បាសាត វាយទម្លាយបានទ្វារខាងកើត។ ការប្រយុទ្ធគ្នាក៏មានបន្ត ទៅទៀតនៅក្នុងក្រុង ជាហេតុនាំអោយព្រះឧបរាជស្រីសុរិយោទ័យក៏សុគតទៅទៀត។ ក្នុងគ្រានោះស្ដេចនិងរាជគ្រូបុរោហិតបាន នាំយកគ្រឿងសម្រាប់រាជ្យវាយទម្លាយទ័ពសៀមរត់រួចចេញទៅ។ ប៉ុន្តែរាជធានីអង្គរត្រូវធ្លាក់ទៅក្នុងកណ្ដាប់ដៃរបស់សៀមនៅឆ្នាំ ១៣៥២។ ក្រោយពីបានអភិសេកបុត្រនាម ចៅបាសាត អោយឡើងសោយរាជ្យនៅក្រុងអង្គរនិងតែងតាំង ចៅហ្វាយខេត្តជាតិ សៀមអោយត្រួតត្រាខេត្តខ្មែរទាំងឡាយនៅភាគខាងលិច ដែលគេយកបានក្នុងដំណើរវាយលុកចូលក្រុងអង្គរព្រះចៅរាមាធិបតី ទ្រង់បានត្រឡប់ទៅក្រុងអយុធ្យាវិញដោយបានកៀររាស្ត្រយកទៅជាឈ្លើយនិងដឹកបញ្ជូនទ្រព្យសម្បត្តិអស់ ជាច្រើនទៀតផង។ បុត្ររបស់ព្រះចៅរាមាធិបតីទាំង៣គឺ បាសាត បាអាតនិងកំបង់ពិសីបានឡើងសោយរាជ្យជាបន្តបន្ទាប់នៅក្រុងអង្គរពីឆ្នាំ១៣៥២ ដល់១៣៥៧។ ពេលនោះព្រះសុរិយោវង្សអនុជព្រះលំពង់រាជាដែលបានភៀសព្រះអង្គទៅប្រទេសលាវលានជាងនោះបានលើក ទ័ពមកវាយយកបានក្រុងអង្គរនៅឆ្នាំ១៣៥៧។ចៅកំបង់ពិសីត្រូវសុគតក្នុងសង្គ្រាម។ បន្ទាប់មកខ្មែរក៏បានវាយកម្ចាត់សៀមអោយ ចេញផុតពី នគររាជសីមានៅទិសពាយ័ព្យនិង បស្ចឹមនៅទិសនិរតី។ ព្រះបាទសុរិយោវង្សបានសោយទីវង្គតនៅឆ្នាំ១៣៦៣ ដោយ រោគា។ ក្មួយរបស់ព្រះអង្គព្រះនាមបរមរាមាបានឡើងសោយរាជ្យស្នងពីឆ្នាំ១៣៦៣ដល់១៣៧៣។ ព្រះអង្គបានចងស្ពានមេត្រីជា មួយព្រះចៅហុងវ៉ូនៃរាជវង្សមិង។ឯជនជាតិសៀមក៏ពុំបានមកឈ្លានពានខ្មែរទៀតទេដោយជាប់ដៃក្នុងការប្រយុទ្ធជាមួយក្សត្របុរី ជាច្រើននៅខាងជើងក្រុងអយុធ្យា ។
២.ចម្បាំងលើកទី៣ជាមួយសៀម
ស្ដេចដែលឡើងសោយរាជ្យនៅឆ្នាំ១៣៧៣គឺព្រះបាទធម្មាសោកជាព្រះអនុជព្រះបរមរាមា។ គ្រានោះនៅប្រទេសសៀម ស្ដេច រាមាសូរបានឡើងសោយរាជ្យហើយក៏បន្តនយោបាយពង្វាតទឹកដីរបស់រាមាធិបតីមកលើទឹកដីខ្មែរ។ក្រុងអង្គរត្រូវឡោមព័ទ្ធសាជា ថ្មីអស់រយៈពេល៧ខែ(ពីខែមិគសិរដល់ខែជេស្ឋ)។ដោយឃើញថាមិនអាចប្រយុទ្ធយកជ័យជម្នះលើខ្មែរដោយកម្លាំងអាវុធបានទើប សៀមប្រើឧបាយកលម្ដងវិញ។ទាហានសៀមចំនួន១៥នាក់បានធ្វើកលសុំចុះចូលខាងខ្មែរដោយយកលេសថាស្ដេចសៀមធ្វើបាប ខ្លួនខ្លាំងពេក ព្រោះតែខ្លួនច្បាំងមិនឈ្នះខ្មែរ។ នៅទីបំផុតពួកនេះបានរកមធ្យោបាយបើកទ្វារខាងលិចបាន។ ក្រុងអង្គរក៏ត្រូវធ្លាក់ ទៅក្នុងកណ្ដាប់ដៃសៀមជាលើកទី២(១៣៩៣)។ ឯព្រះបាទធម្មាសោកក៏បានសោយទីវង្គតនៅពេលដែល សៀមហ៊ុំព័ទ្ធក្រុងអង្គរ នោះទៅ។ ព្រះចៅសៀមបានអភិសេកបុត្រឈ្មោះពញាព្រែក អោយឡើងសោយរាជ្យនៅឆ្នាំ១៣៩៤(ឥន្ទរាជា) រួចដឹកជញ្ជូនទ្រព្យ សម្បត្តិនិង កៀរឈ្លើយខ្មែរ ៧០០០០នាក់ត្រលប់ទៅក្រុងអយុធ្យាវិញ។ គ្រានោះ ពញាយ៉ាតជាបុត្រសុរិយោវង្សបានរត់រួច ហើយ ទៅកែនទ័ពតាំងមូលដ្ឋាននៅទួលបាសាន ។ ចលនារំដោះជាតិដឹកនាំដោយស្ដេចអង្គនេះមានការរីកចម្រើនឆាប់រហ័សណាស់។ តែប្រាំខែក្រោយមកទ័ពខ្មែរមានសមត្ថភាពអាចលើកមកវាយរំដោះយកបានក្រុងអង្គរវិញ។ តែមុននឹងទ័ពធំចូលមកដល់ ពញា យ៉ាត បានបញ្ជាអោយទាហានស្ម័គ្រចិត្ត១២នាក់ធ្វើកលទៅសុំចុះចូលជាមួយនឹងស្ដេចសៀម ហើយដកអាវុធធ្វើគត់ស្ដេចសៀម នៅនឹងកន្លែងតែម្ដង។ លុះវាយរំដោះបានរាជធានីហើយពញាយ៉ាតក៏យកស្រីសៀមឈ្មោះស៊ីសាងាម ជាប្អូនជីដូនមួយរបស់ ស្ដេចសៀមធ្វើជាស្នំឯកហើយឡើងសោយរាជ្យនៅក្រុងអង្គរជាសុខសាន្តរៀងមកដោយមានមរណនាមថា រាជឱង្ការព្រះ បរម រាជាធិរាជ។
កំហូចប្រព័ន្ធធារាសាស្ត្រ
នៅជុំវិញទីក្រុងអង្គរ ប្រព័ន្ធធារាសាស្ត្រជានយោបាយយុទ្ធសាស្ត្រមួយដ៏សំខាន់សម្រាប់យកទឹកមកប្រើប្រាស់ក្នុងទីក្រុង និង ស្រោចស្រពដីស្រែរាប់ម៉ឺនហិចតា។ ក្រោយសង្គ្រាមជាមួយសៀមបារាយណ៍ទាំងនេះត្រូវបានបំផ្លាញខ្ទេចខ្ទីស្ទើរគ្មានសល់។ផ្សេង ពីនេះ គ្រោះធម្មជាតិបានធ្វើឲ្យប្រព័ន្ធធារាសាស្ត្រខ្មែរខូចខាតមិនអាចជួសជុលបាន។
ការបាត់បង់កម្លាំងពលកម្មនៃប្រជាករ
សម័យមហានគរ កម្ពុជាមានប្រជាជនប្រហែល២០លាននាក់។ ក្រុងអង្គររឹងមាំដោយសារប្រជាជនបណ្ដាខេត្តខាងលិច និង ខាងជើងច្រើនកុះករ និងអំណោយផលនៃកសិកម្មទៀតផង។ មិនត្រឹមតែប៉ុណ្ណោះ នៅជុំវិញក្រុងអង្គរ ប្រជាជនប្រកបរបរផ្សេងៗ មានកសិកម្ម សិប្បកម្មនេសាទ បរបាញ់ ប្រមូលរុក្ខផលព្រៃឈើ ជ័រ វល្លិ …។ ប្រជាជនភាគច្រើនធូរធារ និងមានសុខភាពមាំមួន។ ក្រោយសង្គ្រាមសៀមឈ្លានពាន ដែនដីខាងលិច និងខាងជើងរបស់យើង ត្រូវបាត់បង់ជាមួយប្រជាជនរាប់លាននាក់។ ប្រជាជន ដែលសេសសល់ ត្រូវទទួលរងគ្រោះទុរភិក្ស និងជម្ងឺឆ្លង។ជុំវិញទីក្រុងអង្គរ និងបណ្ដាខេត្តជិតៗនោះ ក្លាយទៅជាតំបន់រហោស្ថាន ស្ងាត់ជ្រងំ ដោយសាររោគរាតត្បាត និងគ្រោះទុរ្ភិក្ស ដែលបណ្ដាលពីទឹកជំនន់ និងការរាំងស្ងួត។
ចំណាកចំណោលអង្គរ
ចំណាកចំណោលអង្គរ កើតឡើងក្រោយពីយកជ័យជំនះបានលើពួកសៀមឈ្លានពាន។ ពេលពួកសៀមដកថយទៅទីក្រុង អង្គរគ្មានសេសសល់អ្វីទេសម្បត្តិទ្រព្យដែលមានទាំងប៉ុន្មានត្រូវពួកសៀមប្រមូលយកអស់។ ប្រជារាស្ត្រអង្គរត្រូវសៀមកៀរយក អស់ជាច្រើន។ ខ្លះក៏ភៀសខ្លួនមកភាគខាងត្បូងណាមួយព្រោះតែសង្គ្រាមច្រើនលើកពេកធ្វើអោយមនុស្សតិចពេកពិបាកការពារ រាជធានីផង។ នៅឆ្នាំ១៤៣១ ដោយចេះតែរអែងខ្លាចសៀមចូលលុកលុយប្រទេសខ្មែរទៀតព្រះបាទពញាយ៉ាត ក៏បានសម្រេច ព្រះទ័យលើករាជធានីចេញឆ្ងាយពីអង្គរ។ ការបោះបង់ទីក្រុងចាស់ ទៅនៅតំបន់ភូមិភាគខាងត្បូងនៃប្រទេស គឺជាការ កសាង ជីវភាពថ្មីនៃជនជាតិខ្មែរ ក្រោមការដឹកនាំនៃព្រះបាទពញាយ៉ាត។ ដោយសារតែពេលនោះក្រុងអង្គរនៅចម្ងាយប្រហែល៤០០ គ.មពីក្រុងអយុធ្យា ។ ភូមិភាគខាងត្បូងនៃរាជាណាចក្រកម្ពុជា ពុំបានរងគ្រោះដោយសង្គ្រាមឈ្លានពានពីពួកសៀមទេ។ តំបន់ នេះបានផ្ដល់កម្លាំងកាយចិត្ត ស្បៀងដល់កងទ័ពរបស់ព្រះបាទពញាយ៉ាតក្នុងសម័យរំដោះប្រទេសពីពួកសៀមឈ្លានពាន។ ក្រោយពីបានប្រឹក្សាសួរយោបល់ពីនាម៉ឺនសព្វមុខមន្ត្រីហើយ ព្រះបាទពញាយ៉ាតក៏ទ្រង់បញ្ជាអោយលើករាជធានីទៅតាំងនៅ ទួលបាសានក្នុងខេត្តស្រីសឈរវិញ។ តែដោយមានទឹកជំនន់ធំខុសធម្មតា ព្រះអង្គក៏បញ្ជាអោយលើករាជធានី ពីទួលបាសាន ទៅតាំងនៅ ភ្នំដូនពេញ ចតុមុខវិញ។

0 comments:

Post a Comment

 

Blogger news

Blogroll

About